www.saloeurm.net

Subtitle

 

សិគាលោវាទសូត្រ

          សិគាលោវាទសូត្រនេះ មានទម្រង់ជារបៀបសន្ទនារវាងព្រះពុទ្ធ និងយុវជនសិគាលៈ ឬ ជារបៀបបុច្ឆា វិសជ្ជនា យ៉ាងពីរោះ អ្នកម្ខាងលើកនូវសំនួរ អ្នកម្ខាងទៀតឆ្លើយនូវបញ្ហាកម្ម ។

ផ្ទៃរឿង

        ដូចដែលខ្ញុំបានស្តាប់មកហើយយ៉ាងនេះ ថ្ងៃមួយនោះ ព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់កំពុងគង់ប្រថាប់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្បែក្រុង  រាជគ្រឹះ ។

         ពេលនោះ យុវជនមួយរូបឈ្មោះសិគាលៈជាបុត្រនៃគ្រួសារមួយ តែងភ្ញាក់ពីព្រលឹម ហើយចេញដើរទៅក្នុង ក្រុងរាជគ្រឹះដោយមានសក់និងសំលៀកបំពាក់ទទឹកជោក លើកដៃទាំងពីរប្រណម្យឡើងថ្វាយបង្គំទិសទាំង ៦​គឺ ទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និង​ខាងលើ។​នៅព្រឹកថ្ងៃនោះព្រះបរមគ្រូទ្រង់យាង        ទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ។ ព្រះអង្គបានទតឃើញសិគាលៈកំពុងថ្វាយបង្គំទិសដូច្នេះ ទ្រង់បានមានព្រះ​តម្រាស់  សួរថាៈ

           ម្នាលយុវជន, ហេតុអ្វីបានជាអ្នកក្រោកពីព្រលឹម ហើយធ្វើដំណើរចេញមកក្រុងរាជគ្រឹះ មានសក់ និង សំលៀកបំពាក់ទទឹកជោក ហើយថ្វាយបង្គំទិសដូច្នេះ?

          បពិត្រព្រះអង្គដ៏ចំរើន ឳពុកខ្ញុំព្រះអង្គ មុនពេលគាត់អនិច្ចកម្ម បាននិយាយប្រាប់ខ្ញុំព្រះអង្គថាៈ ម្នាលកូនប្រុស ឯងគប្បីថ្វាយបង្គំទិសទាំង ៦​។​ដោយគោរពតាមបណ្តាំឳពុកខ្ញុំព្រះអង្គនោះ ទើបខ្ញុំព្រះអង្គក្រោកពីព្រលឹមចេញ មកកាន់ក្រុងរាជគ្រឹះ ថ្វាយបង្គំទិសទាំងឡាយ​។

         ម្នាលយុវជន, ក្នុងសាសនាតថាគត គេមិនថ្វាយបង្គំទិសទាំង ៦​បែបនេះទេ​។
         បពិត្រព្រះអង្គដ៏ចំរើន ក្នុងសាសនាព្រះអង្គនេះ តើគេថ្វាយបង្គំទិសទាំង ៦ ដូចម្តេចវិញ? សូមព្រះអង្គមេត្តា សំដែងប្រាប់ខ្ញុំព្រះអង្គផង ។
         
        បើដូច្នេះ យុវជន ចូរអ្នកប្រឹងស្តាប់ឲ្យមែនទែន តថាគតនឹងសំដែងប្រាប់ៈ ម្នាលយុវជន! សាវ័កតថាគតបាន​វៀរចាកមិច្ឆាជីវៈ ៤ យ៉ាងអស់មួយជីវិត មិនធ្វើនូវអំពើបាបដែលកើតមកអំពីអគតិ ៤ យ៉ាង អស់មួយជីវិតមិន​ប្រព្រឹត្ត  អបាយមុខ ៦ យ៉ាង ដែលនាំឲ្យហិនហោចអស់ទ្រព្យសម្បត្តិ អស់មួយជីវិត ។ សាវ័កតថាគត ដែលបាន​លះបង់នូវអំពើ អាក្រក់ ១៤ យ៉ាងនេះឈ្មោះថា ជាអ្នកគោរពនូវទិសទាំង ៦ ។

       ក) ដូចម្តេចហៅថា មិច្ឆាជីវៈ? = ការមិនសំលាប់សត្វ, ការមិនលួចទ្រព្យគេ, ការមិនប្រព្រឹត្តខុសក្នុងកាម គឺ​ខុសនឹងគន្លងធម៌លើបុ្រត ភរិយាអ្នកដទៃ, និងការមិនពោលពាក្យកុហក ។
       ខ) ដូចម្តេចហៅថា ធ្វើអំពើបាបបណ្តាលមកពីអគតិ ៤ យ៉ាង? គឺអំពើបានដែលកើតមកពីការស្រលាញ់រាប់អាន (ឆន្ទាគតិ), ការខឹងក្រោធ ស្អប់ (ទោសាគតិ), ការល្ងង់ខ្លៅ (មោហាគតិ), និងការភ័យខ្លាច (ភយាគតិ) ។
       គ) ដូចម្តេចខ្លះហៅថា អបាយមុខ ៦ យ់ាង? = ការប្រព្រឹត្តល្បែងស្រាជានិច្ច, ការដើរលេងតាមទីច្រកល្ហកខុស កាលវេលា, ការប្រព្រឹត្តល្បែងស្រី, ការប្រព្រឹត្តល្បែងភ្នាល់គ្នា, ការសេពគប់មិត្តអាក្រក់ និងការខ្ជិលច្រអូស។

        = ការប្រព្រឹត្តល្បែងស្រា រមែងមានទោស ៦ យ៉ាងៈ ១. ហិនហោចទ្រព្យសម្បត្តិដែលមានហើយ, ២. បង្កើតការ ឈ្លោះវិវាទ, ៣. នាំឲ្យមានកើតរោគបានដោយងាយ, ៤. ខូចចរិយាសណ្តាប់ធ្នាប់, ៥. មិនមានការអៀនខ្មាស់ក្នុងការ លែងខ្លួន, ៦. នាំឲ្យខ្សោយប្រាជ្ញា ។

        = ការដើរលេងខុសពេលវេលា មានទោស ៦ យ៉ាងៈ ១. នាំឲ្យមានអសន្តិសុខដល់ខ្លួន, ២. នាំឲ្យមានអសន្តិសុខ ដល់បុត្រភរិយា, ៣. នាំឲ្យមានអសន្តិសុខដល់ទ្រព្យសម្បត្តិ, ៤. នាំឲ្យគេសង្ស័យថាជាមនុស្សប្រព្រឹត្តចោរកម្មជា​ដើម,   ៥. ការចោទប្រកាន់ខុសបែបបទ អាចធ្លាក់មកលើខ្លួន, ៦. នឹងមានគ្រោះថ្នាក់ដទៃទៀតជាច្រើនដែលត្រូវជួបប្រទះ ។

        = ការប្រព្រឹត្តល្បែងស្រី មានទោស ៦ យ៉ាងៈ ១. នាំឲ្យគិតតែដើររករោងរាំ, ២. នាំឲ្យគិតតែដើររករោងចម្រៀង,   ៣. នាំឲ្យគិតតែដើររករោងតន្ត្រី, ៤. នាំឲ្យគិតតែដើររករោងល្ខោន, ៥. នាំឲ្យគិតតែដើររករោងល្បែងឆាបឃ្មោះ, ៦. នាំឲ្យគិតតែដើររករោងល្បែងស្គរ ឆៃយ៉ាំ ។


       = ការប្រព្រឹត្តល្បែងភ្នាល់ មានទោស ៦ យ៉ាងៈ ១. អ្នកឈ្នះតែងព្រួយបារម្ភចំពោះគំនុំចិត្តអ្នកចាញ់, ២. អ្នកចាញ់ នឹងស្តាយទ្រព្យរបស់ខ្លួនដែលចាញ់ទៅនោះ, ៣. ទ្រព្យសម្បត្តិដែលធ្លាប់មានមកហើយនោះ នឹងវិនាសបាត់បង់​ទៅវិញ,   ៤. ពាក្យសំដីគ្មានតំលៃនៅក្នុងតុលាការ, ៥. ត្រូវមិត្តភក្តិ និងអ្នករាជការមើលងាយមើលថោក, ៦. មិនមាន​នរណាម្នាក់ ចង់ទាក់ទងអោយកូនចៅមានគូរស្រករជាមួយ ព្រោះគេនិយាយថា មនុស្សល្បែងមិនអាចចិញ្ចឹម​ភរិយាខ្លួនបានឡើយ។

       = ការគប់បាបមិត្ត មានទោស ៦ យ៉ាងៈ ១. អាចក្លាយទៅជាអ្នកល្បែង, ២. អាចក្លាយជាអ្នកលេងស្រី, ៣. អាច ក្លាយជាអ្នកប្រមឹក, ៤. អាចក្លាយជាអ្នកឆបោក, ៥. អាចក្លាយជាអ្នកលួចប្លន់, ៦. ជាមនុស្សមានមិត្តភក្តិច្រើនតែជា មនុស្សកំណាច ។ 

      = មនុស្សទម្លាប់ខ្លួនអោយខ្ជិលច្រអូស មានទោស ៦ យ៉ាងៈ មនុស្សនោះតែងនិយាយថាៈ ត្រជាក់ពេកធ្វើការមិន  កើត, ក្តៅពេកធ្វើការមិនកើត, ព្រឹកពេកធ្វើការមិនកើត, យប់ពេកធ្វើការមិនកើត, ឃ្លានពេក​ធ្វើការមិនកើត, ឆ្អែតពេក ធ្វើការមិនកើត ។ ម្លោះហើយកិច្ចការដែលត្រូវធ្វើប៉ុន្មានឥតបានធ្វើទាំងអស់ ។ ទ្រព្យ​សម្បត្តិថ្មីៗគ្មានចូល ហើយទ្រព្យ សម្បត្តិដែលបានរកមកហើយ ត្រូវចាយវាយអស់ ។ 

      = មិត្តមិនគួរសេពគប់ ៤ ពួកៈ

      ក) មិត្តល្មោភប្រាក់កាសៈ ចាយបន្តិចបន្តួចតែសំលឹងយកប្រយោជន៍ច្រើន, ធ្វើការអ្វីដោយសារសេចក្តីខ្លាច និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ។
      ខ) មិត្តបានតែមាត់ៈ ដល់ពេលមានកិច្ចការពឹងពាក់ម្តងម្កាល ដោះដៃថាយ៉ាងនេះយ៉ាងនោះ ។
      គ) មិត្តចាក់បណ្តោយៈ យល់ស្របទាំងអស់ក្នុងការធ្វើអាក្រក់ ហើយប្រឆាំងជានិច្ចក្នុងការធ្វើត្រូវ សរសើរយើងតែ នឹងមុខ និយាយដើមប្រាប់អ្នកដទៃពីក្រោយខ្នង ។
     ឃ) មិត្តជួយបំផ្លាញៈ តាំងខ្លួនជាមិត្តរបស់យើងពេលណាយើងមានលុយស៊ីផឹក ពេលយើងដើរលេងខុសពេល តាមច្រកល្ហក ពេលយើងទៅមើលកុនល្ខោន ឬទៅដើរលេងស្រីឬក៏ក្នុងពេល

ដែលយើងកំពុងប្រព្រឹត្តល្បែងភ្នាល់ ។ 
     
       = មិត្តគួរគប់រកមាន ៤ ពួកៈ

       ក) មិត្តឧបត្ថម្ភៈ ជួយថែទាំយើងក្នុងពេលដែលយើងគ្មានអ្នកថែទាំ, ជួយថែរក្សាសម្បត្តិយើងក្នុងពេលយើងមិន   នៅ, ជាពំនឹងរបស់យើងក្នុងពេលដែលយើងមានភ័យ និងជួយរំលែកការងារដែលលំបាកៗ បើត្រូវការពឹងពាក់ ។
       ខ) មិត្តរួមសុខរួមទុក្ខៈ ប្រាប់យើងនូវអាថ៌កំបាំងរបស់ខ្លួនគេ, បិទបាំងនូវអាថ៌កំបាំងរបស់យើង មិនបោះបង់​យើងនៅពេលមានការលំបាកហ៊ានលះបង់សូម្បីជីវិតរបស់ខ្លួន ចំពោះជីវិតរបស់យើង ។
       គ) មិត្តមគ្គុទេសក៍ៈ ហាមឃាត់យើងមិនអោយធ្វើអំពើខុស, រួបរួមជាមួយនឹងយើងក្នុងអំពើត្រូវ, ប្រាប់យើងនូវ រឿងរ៉ាវដែលយើងមិនដែលធ្លាប់បានឮ, បង្ហាញយើងនូវផ្លួវទៅរកសេចក្តីសុខ ។   
      ឃ) សមានមិត្តៈ មិនត្រេកអរចំពោះគ្រោះថ្នាក់របស់យើង, រីករាយចំពោះការចំរុងចំរើនរបស់យើង, ហាមឃាត់ នរណាមួយដែលនិយាយអាក្រក់អំពីយើង, សរសើរបុគ្គលណាដែលនិយាយល្អពីយើង ។

      ម្នាលយុវជន, មាតាបិតាទុកជាទិសខាងកើត, គ្រូបង្រៀនជាទិសខាងត្បូង, ភរិយានិងបុត្រធិតាទុកជាទិសខាង​លិច, មិត្តសំលាញ់ទុកជាទិសខាងជើង, អ្នកបំរើនិងកម្មករ ជាទិសខាងក្រោម, គ្រូឧបជ្ឈាយ៍និងព្រាហ្មណ៍ជា​ទិសខាងលើ ។
     
      = កូនគប្បីសង្គ្រោះមាតាបិតាដោយន័យ ៥ យ៉ាងៈ

         ១. ត្រូវតែទំនុកបំរុងលោកវិញ ព្រោះលោកបានទំនុកបំរុងខ្លួនពីមុនមក,

         ២. ត្រូវតែជួយធ្វើការ សំរាលភារៈរបស់លោក,

         ៣. ត្រូវតែរក្សាទុកនូវវង្សត្រកូល និងប្រពៃណីរបស់គ្រួសារ,

         ៤. ត្រូវតែធ្វើខ្លួនអោយសមគួរ ល្មមជាអ្នកទទួលនូវកេមរតក,

         ៥. ពេលលោកធ្វើមរណកាលទៅ ធ្វើបុណ្យទានឧទ្ទិសកុសលជូនលោក,

      = ក្នុងន័យដូចគ្នា, មាតាបិតាគប្បីសង្គ្រោះបុត្រធីតា ដោយន័យ ៥ យ៉ាងៈ

         ១. ហាមឃាត់កូនមិនឲ្យធ្វើអំពើអាក្រក់,

         ២. ណែនាំកូនឲ្យធ្វើតែអំពើល្អ,

         ៣. អប់រំកូនឲ្យមានការងារមុខរបរសមរម្យ,

         ៤. រៀបចំអពាហ៍ពិពាហ៍ឲ្យកូន,

         ៥. ប្រគល់កេរមរតក តាមការគួរ,

      = សិស្សត្រូវឧបត្ថម្ភគ្រូដោយន័យ ៥ យ៉ាងៈ

         ១. ដោយការក្រោកទទួល,

         ២. ធ្វើគារវកិច្ច,

         ៣. ចាំបំរើគ្រូ,

         ៤. យកចិត្តទុកដាក់ក្នុងការរៀនសូត្រ,

         ៥. ចាត់ចែងទឹកក្តៅ ទឹកត្រជាក់ គក់ច្របាច់,

       = គ្រូគប្បីសង្គ្រោះសិស្សដោយន័យ ៥ យ៉ាងៈ

         ១. ប្រៀនប្រដៅសិស្សដោយល្អ,

         ២. បង្រៀនសិស្សដោយល្អ,

         ៣. បង្រៀនសិស្សគ្រប់មុខវិជ្ជាដែលខ្លួនចេះ,

         ៤. ប្រកាសគុណសម្បត្តិរបស់សិស្សក្នុងកណ្តាលទីប្រជុំ,

         ៥. រក្សាការពារសិស្សគ្រប់មធ្យោបាយទាំងអស់,

      = ស្វាមីគប្បីសង្គ្រោះភរិយាដោយន័យ ៥ យ៉ាងៈ

         ១. ស្រលាញ់រាប់អានដ៏ស្មោះ

         ២. ពោលពាក្យទន់ភ្លន់ មិនមើលងាយមើលថោក

         ៣. មិនក្បត់ចិត្តភរិយា 

         ៤. ប្រគល់តំណែងជាស្រីមេផ្ទះពេញលក្ខណៈ

         ៥. ផ្តល់គ្រឿងអលង្ការផ្សេងៗ តាមការគួរ

       = ភរិយាគប្បីសង្គ្រោះស្វាមី ដោយន័យ ៥ យ៉ាងៈ

         ១. ចាត់ចែងធ្វើការគ្រប់យ៉ាងដោយផ្ចិតផ្ចង់,

         ២. រាប់អានញាតិខាងស្វាមី និងញាតិខាងខ្លួនដោយស្មោះស្មើ,

         ៣. ថែរក្សាទ្រព្យសម្បត្តិដែលស្វាមីរកមក ទុកឲ្យគង់វង្ស,

         ៤. មិនក្បត់ចិត្តស្វាមី,

         ៥. ប៉ិនប្រសប់និងប្រឹងប្រែងជានិច្ចធ្វើការគ្រប់យាងរបស់ខ្លួន,

       = នាយចៅហ្វាយ គប្បីសង្គ្រោះកម្មករ ដោយន័យ ៥ យ៉ាងៈ

         ១. តម្រូវឲ្យធ្វើការងារតាមសមគួរដល់កម្លា,

         ២. ផ្តល់អាហារនិងតម្លៃឈ្នួលតាមគួរ,

         ៣. ជួយព្យាបាលក្នុងគ្រាមានជម្ងឺ,

         ៤. ចែករំលែកនូវវត្ថុចំលែក,

         ៥. អនុញ្ញាតច្បាប់សំរាក តាមការគួរ។
       
        = កម្មករ គប្បីសង្គ្រោះចៅហ្វាយនាយ ដោយន័យ ៥ យ៉ាងៈ

         ១. ក្រោកពីដេកមុននាយចៅហ្វាយ,

         ២. ប្រកបការងារមុនចៅហ្វាយនាយ,

         ៣. រីករាយទទួលតែវត្ថុអ្វីដែលចៅហ្វាយអោយ,

         ៤. ធ្វើការរបស់ខ្លួនដោយយកចិត្តទុកដាក់,

         ៥. និយាយសរសើរកិត្តិគុណរបស់ចៅហ្វាយក្នុងទីទាំងពួង,

        សិគាលោវាទសូត្រនេះ មាននៅក្នុងគម្ពីរទីឃនិកាយ ជាសូត្រខ្លីៗតែងាយយល់ ជាសូត្រស្តីពីការរស់នៅ​ដ៏ប្រសើរនៅក្នុងសង្គមមនុស្ស ។ សូត្រនេះមានន័យនិងគុណប្រសើរវិសេសសំរាប់មនុស្សទូទៅ ហើយអាចយក​អនុវត្តបានគ្រប់ កាលៈទេសៈទាំងអស់ ។ ប្រពៃណីនិងការរស់នៅរបស់មនុស្សតែងប្រែប្រួលពីសតវត្សមួយទៅ​សតវត្សមួយ តែគោលធម៌ សំខាន់ៗនៃចរិយាត្រូវនិងខុសពុំប្រែប្រួលឡើយ ។ ឱវាទដ៏ប្រសើរនេះ នៅតែមាន​សេចក្តីពិតរស់រវើកគ្រប់ពេលវេលាទាំង អស់ចំពោះមនុស្សទូទៅ ។ សិគាលោវាទសូត្រនេះទាក់ទងនឹងសង្គម​មនុស្សទាំងស្រុង ។
       
      ព្រះឱវាទរបស់ព្រះអង្គក្នុងសូត្រនេះ ងាយស្តាប់ងាយយល់ ហើយមានភាពពិតឥតល្អៀងផង ពីទិដ្ឋភាពគ្រប់​យ៉ាង នៃជីវិតប្រចាំថ្ងៃរបស់មនុស្សទូទៅ ។ ត្រង់នេះបញ្ជាក់ឲ្យឃើញថា​ព្រះពុទ្ធព្រះអង្គស្គាល់ច្បាស់នូវជីវិត​ របស់មនុស្ស, ជាអ្នក ប្រាកដនិយម មានព្រះទ័យពោរពេញដោយមេត្តា និងករុណា ជាកល្យាណមិត្តរបស់មនុស្ស​ទាំងអស់ ។
        បញ្ហាគ្រប់យ៉ាងនៃមនុស្សលោក អាចរលុបរលាយសាបសូន្យទៅបាន​ប្រសិនបើពិភពលោកសិក្សាក្នុងសូត្រ​នេះ ហើយប្រតិបត្តិតាមដោយម៉ត់ចត់ ។​សិគាលោវាទសូត្រនេះជាធម៌សំរាប់ដោះស្រាយបញ្ហាសង្គម បញ្ហា​សេដ្ឋកិច្ច និង បញ្ហាសីលធម៌ ។ សិគាលោវាទសូត្រនេះប្រសើរដាច់គេក្នុងចំណោមវណ្ណកម្មផ្សេងៗខាងសាសនា​ ក្នុងពិភពលោក ។ សូត្រនេះគ្មានលាយឡំនឹងទិដ្ឋិ (ជំនឿផ្សេង) ឬបរមត្ថវិជ្ជាអាថ៌កំបាំងឡើយ ព្រោះឱវាទក្នុង​សូត្រនេះ មានន័យភ្លឺច្បាស់លាស់បំផុត ប្រៀបដូចជាដុំត្បូងដែលគេបានច្នៃហើយយ៉ាងបរិសុទ្ធ ។ សូត្រនេះ ជាពុទ្ធវចនៈផ្ទាល់ដែលព្រះអង្គបាន សំដែងប្រាប់ដល់មនុស្សក្នុងពិភពលោកទាំងមូល៕

(ប្រមូលរៀបរៀងដោយ ម៉ែន ប្រាង, អាំ ឆន, ពិនិត្យនិងកែសំរួលដោយ ឱម ខែម)

សូមស្វាគមន៍ - Welcome!

 

THE WORLD KEEP CHANGING, BE MINDFUL!

YOUTUBE VIDEO PLAYLIST DIRECT UPLOAD

 


 


 

Recent Videos

Recent Blog Entries

Recent Podcasts

 


IF YOU CANNOT VIEW KHMER!


 


Google +1 Button

Upcoming Events

No upcoming events